ទទួលបានលទ្ធផលអ្វីខ្លះ បន្ទាប់ពីប្រធានសមាគមសិល្បករខ្មែរ ដឹកនាំក្រុមការងារជួបប្រធានរដ្ឋសភាកម្ពុជា?
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញដឹកនាំក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ និងក្រុមការងារសមាគមសិល្បករខ្មែរ ចូលជួបសម្ដែងការគួរសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងទទួលអនុសាសន៍ណែនាំ។
ជាកិច្ចចាប់ផ្ដើមលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតដល់លោកជំទាវបានដឹកនាំប្រតិភូសមាគមសិល្បករខ្មែរបានចូលជូបសម្ដែងការគួរសមសម្ដេចប្រធានរដ្ឋសភាដោយផ្ទាល់ ព្រមទាំងទទួលអនុសាសន៍ណែនាំប្រកបដោយគុណតម្លៃនាពេលនេះ។
បន្ទាប់មក លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនសម្ដេចប្រធានរដ្ឋសភា អំពីប្រវត្តិរបស់សមាគម ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ រួមទាំងសមិទ្ធផលការងារថ្មីៗ ដែលសម្រេចបាននៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ារយៈពេលជាង៣ខែមកនេះ។
ក្នុងនោះសមាគមបានរៀបចំ សមាសភាពក្រុមប្រឹក្សាភិបាលដែលសុទ្ធសឹងតែជាមន្ត្រីជាន់ខ្ពស់ អញ្ជើញមកពីអន្តរវិស័យ, គណៈប្រតិបត្តិ និងក្រុមការងារសមាគម, ការកែសម្រួលលក្ខន្តិកៈសមាគម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ, ការប្រមូលកៀរគរធនធានមនុស្ស និងធនធានថវិកាពីវិស័យឯកជន ដើម្បីចូលរួមគាំទ្រដល់សកម្មភាពលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ។
ដោយឡែកចំពោះសកម្មភាពវិញ សមាគមបានរៀបចំ និងចូលរួមរៀបចំព្រឹត្តិការសង្គម និងវប្បធម៌ជាច្រើនរួចមកហើយ ហើយថ្មីៗនេះក៏បានដឹកនាំសិល្បករ-សិល្បការិនី ប្រមាណ២០០នាក់ ចូលរួមអបអរសាទរមហាព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណតេជោ» ផងដែរ រួមទាំងសកម្មភាពសប្បុរសធម៌ជួយសម្រួលដល់ជីវភាពសិល្បករចាស់ជរា និងបាត់បង់សមត្ថភាពក្នុងការសម្តែង ត្រូវបានអនុវត្តជាបន្តបន្ទាប់។
ក្រៅអំពីនេះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគម ក៏បានជម្រាបជូនពីផែនការសកម្មភាពនានាជាបន្តបន្ទាប់របស់សមាគមក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ផងដែរ។ ជាក់ស្ដែង ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី សមាគមសិល្បករខ្មែរ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិកសមាជិកា សមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ាបានបង្ហាញឆន្ទៈប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន។
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរពីការដឹកនាំរបស់សមាគមសិល្បករខ្មែរ សម្រាប់អាណត្តិទី៦ក្រោមការដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលបានរៀបចំឱ្យមាននូវរចនាសម្ព័ន្ធច្បាស់លាស់ និងធនធានមនុស្សគ្រប់គ្រាន់ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងាររបស់សមាគមស្របតាមទស្សនៈវិស័យ និងបេសកកម្មរបស់ខ្លួន។
សម្ដេចប្រធានរដ្ឋសភាបានលើកទឹកចិត្ត ដល់អ្នកឧកញ៉ាប្រធានសមាគម ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ដឹកនាំសមាគមសិល្បករខ្មែរ ដើម្បីបន្តសកម្មភាពលើកស្ទួយវិស័យសិល្បៈវប្បធម៌ ក៏ដូចជាចូលរួមក្នុងការងារទេសចរណ៍ ជាពិសេសការចូលរួមលើកកម្ពស់សីលធម៌សង្គម ស្របតាមអនុសាសន៍របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចបានកត់សម្គាល់ឃើញថា សមាគមសិល្បករខ្មែរមានសកម្មភាពមមញឹកយ៉ាងខ្លាំង ជាពិសេសសម្ដេចពិតជាមានការកោតសរសើរ ដែលសមាគមបានប្រមូលកៀរគរធនធានមនុស្សសុទ្ធសឹងតែមានសមត្ថភាព និងមានភាពសកម្មភាព។ សម្ដេចជឿជាក់ថា សមាគមសិល្បករខ្មែរ នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត និងទទួលបានជោគជ័យក្រោមស្មារតីនៃការរួមសាមគ្គីគ្នា៕
Leave a Comment